១ ប្រព័ន្ធផ្លូវថ្នល់ ៖ យោងតាមស្ថិតិមុនឆ្នាំ ១៩៧០ ព្រះរាជាណាចក្រកម្ពុជា មានបណ្តាញផ្លូវគោកសំខាន់ៗដូចខាងក្រោម៖
- ផ្លូវជាតិលេខ១: ចេញពីភ្នំពេញ ទៅ បាវិត កាត់តាម អ្នកលឿង និង ខេត្តស្វាយរៀង មានប្រវែង ១៦៧ គ.ម ។
- ផ្លូវជាតិលេខ២: ចេញពីភ្នំពេញ ទៅ ភ្នំដិន កាត់តាម ក្រុងតាខ្មៅ និង ខេត្តតាកែវ មានប្រវែង ១៣៧ គ.ម ។
- ផ្លូវជាតិលេខ៣: ចេញពីភ្នំពេញ ទៅ ក្រុងព្រះសីហនុ កាត់តាម ខេត្តកំពត មានប្រវែង ២៦០ គ.ម ។
- ផ្លូវជាតិលេខ៤: ចេញពីភ្នំពេញ ទៅ ក្រុងព្រះសីហនុ កាត់តាម ខេត្តកំពង់ស្ពឺ មានប្រវែង ២៣២ គ.ម ។
- ផ្លូវជាតិលេខ៥: ចេញពីភ្នំពេញ ទៅ អូជ្រៅ កាត់តាមខេត្តកំពង់ឆ្នាំង ខេត្តពោធិ៏សាត់ ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែង ៤០៨ គ.ម ។
- ផ្លូវជាតិលេខ៦: ចេញពីព្រែកក្តាម ទៅ ខេត្តបន្ទាយមានជ័យ កាត់តាម ខេត្តកំពង់ធំ និង ខេត្តសៀមរាប មានប្រវែង ៣៨៦ គ.ម ។
- ផ្លូវជាតិលេខ៧: ចេញពីស្គុន ទៅ ខេត្តស្ទឹងត្រែង កាត់តាម ស្នួល មានប្រវែង ៥៤៣ គ.ម ។
២ ប្រព័ន្ធផ្លូវដែក ៖ មុនឆ្នាំ ១៩៧០ ការដឹកជញ្ជូនតាមផ្លូវដែកមានឈ្មោះថា រាជាយស្ម័យយានកម្ពុជា ។ ប្រវែងផ្លូវដែកមានប្រវេងសរុប ៦៤៩ គ.ម និង ទទឹង ១ ម៉ែត្រ និង មានស្ពានគ្រប់ប្រភេទ ប្រវែង ៩៩០ គ.ម។ ប្រព័ន្ធផ្លូវដែកមាន៖
-
- ភ្នំពេញ - ប៉ោយប៉ែត ប្រវែង ៣៨៦ គ.ម កសាង ឆ្នាំ ១៩២៧។
- ភ្នំពេញ - ក្រុងព្រះសីហនុ ប្រវែង ២៦៤ គ.ម កសាងនៅឆ្នាំ ១៩៥៨។
៤ ប្រព័ន្ធផ្លូវទឹក ៖ ដោយស្ថានភាពភូមិសាស្រ្តមានរាងបាតខ្ទះ ព្រះរាជាណាចក្រកម្ពុជា សំបូរទៅដោយផ្លូវទឹកណាស់។ គេបែងចែកផ្លូវទឹកនេះ ជាបីប្រព័ន្ធគឺ
- ប្រព័ន្ធទន្លេមេគង្គ ៖ប្រព័ន្ធទន្លេមេគង្គ រួមមានទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម (ពីល្បាក់ខោនដល់ក្អមសំណរ) និង ទន្លេបាសាក់មានប្រវែង ១០០គ.ម និង ដៃទន្លេទាំងអស់ របស់ទន្លេមេគង្គ។ ទន្លេមេគង្គមានប្រភពនៅ ខ្ពង់រាបទីបេ លើរយះកំពស់ ៥០០០ម៉ែត្រ មានប្រវែងសរុប ៤២០០ គ.ម មានអាងទន្លេ ៨០០ ០០០គ.ម២ ហូរកាត់ប្រទេស ឡាវ ភូមា ថៃ កម្ពុជា និង វៀតណាម។ ទន្លេមេគង្គកម្ពុជាមានប្រវែង ៥០០គ.ម ចាប់ពី ល្បាក់ខោន (ព្រំប្រទល់ឡាវ កម្ពុជា) ដល់ព្រំដែន វៀតណាម កាត់តាមខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង។
- របបទឹក ៖ របបទឹកទាក់ទាញនឹងអាកាសធាតុមូសុង។ រដូវទឹក ឡើងចាប់ពីខែមិថុនា ទៅ ខែតុលា។ ធារទឹក រដូវវស្សា ៣៤ ០០០ ម៣ ហើយក្នុងមួយវិនាទី ស្មើ ២០ ដង នៃធារទឹក នៅរដូវទឹកប្រាំង។ នៅរដូវទឹកស្រក ចាប់ពីខែវិច្ឆិកា ទៅ ខែឧសភា ស្របទៅនឹងតំបន់ ឈប់រលាយ និងមូសុងវស្សាឈប់បក់។
- ដៃទន្លេមេគង្គ ៖ដៃខាងស្តាំគឺ ទន្លេពៅស្ថិតនៅខាងស្តាំដៃតាមព្រំដែនឡាវ។ ដៃទន្លេមេគង្គខាងធ្វេងមាន ទន្លេសាន ទន្លេសេកុង ទន្លេស្រែពក ព្រែកគ្រៀង ព្រែកកាំពី ព្រែកឆ្លូង និង ទន្លេតូច (១០០គ.ម)។
- ប្រព័ន្ធទន្លេសាប ៖ ប្រព័ន្ធទន្លេសាបរួមមាន ទន្លេសាប និង បឹងទន្លេសាប។ ទន្លេសាប គិតចាប់ ពី ភ្នំពេញទៅ កំពង់ឆ្នាំង មានប្រវែង ១០០ គ.ម និង បឹងទន្លេសាប មានបណ្តោយ ១៥០ គ.ម ទទឹង ៣២ គ.ម ហើយចែកចេញជាបីផ្នែកគឺ:បឹងធំ(មានបណ្តោយ ៧៥គ.ម ទទឹង ៣២គ.ម) បឹងតូច(មានបណ្តោយ ៣៥គ.ម ទទឹង ២៨គ.ម) និងវាលភក់(ចាប់ពីឆ្នុកទ្រូទៅ កំពង់ឆ្នាំង ផ្នែកនេះសំបូរកូនកោះណាស់) ។
- របបទឹក ៖ នៅរដូវវទឹកឡើងចាប់ពីខែមិថុនាទៅ តុលាទឹក ហូរចូលបឹងទន្លេសាបតាមទិសភ្នំពេញទៅកំពង់ឆ្នាំង ។ កំពស់ទឹកជ្រៅបំផុត គឺ១៤ម៉ែត្រ ចំនែកផ្ទៃទឹករីកដល់ ១០ ០០០គ.ម២។ នៅរដូវទឹកសំរក ចាប់ពីខែវិច្ឆិកាទៅ ខែឧសភាជំរៅទឹកបឹងទន្លេសាប ជាអប្បបរមាពី ០,៨ ទៅ ២ម៉ែត្រ ទឹកហូរចេញពី បឹងទន្លេសាប តាមទិសកំពង់ឆ្នាំង-ភ្នំពេញ។ ទឹកមានផ្ទៃក្រលា ៣០០០គ២។ បាតុភូតចំលែកនេះ គឺហូរចេញហូរចូល បណ្តាលមកពីទឹកជំនន់នៃទន្លេមេគង្គ មាននីវូខ្ពស់ជាង ទឹកទន្លេសាប ម្យ៉ាងទៀតទឹកបឹងទន្លេសាបមាន រយះកំពស់ទាបជាងដងទន្លេមេគង្គ។
- ដៃសំខាន់ៗនៃបឹងទន្លេសាប ៖ នៅផ្នែកត្រើយខាងកើតមាន ស្ទឹងត្រែង ស្ទឹងសៀមរាប ស្ទឹងជីក្រែង ស្ទឹងស្ទោង ស្ទឹងសែន។ នៅផ្នែកត្រើយខាងលិចមានស្ទឹងសិរីសោភ័ណ្ឌ ស្ទឹងមង្គលបុរី ស្ទឹងសង្កែ ស្ទឹងមោង (ដូនទ្រី) ស្ទឹងស្វាយដូនកែវ ស្ទឹងពោធិ៍សាត់ និងស្ទឹងបរិបូរ។
- ដៃសំខាន់ៗនៃទន្លេសាប ៖ នៅត្រើយខាងកើតមានស្ទឹងខ្យា ស្ទឹងជីនិត ស្ទឹងតាំងក្រសាំង និងស្ទឹងស្លាប។ នៅត្រើយខាងលិចមាន ស្ទឹងជ្រៃបាក់ ស្ទឹងគ្រៀវ(ឧត្តុង្គ)។
- ប្រព័ន្ធនៅតាមឈូងសមុទ្រ ៖ ផ្លូវទឹកនៅតាមសមុទ្រច្រើនជាផ្លូវទឹកខ្លីៗ ដែលហូរពីភ្នំក្រវ៉ាញ ចាក់ទៅក្នុងឈូងសមុទ្រដែលមានរបបទឹក ដូចទឹកជ្រោះគឺ ហូរយ៉ាងខ្លាំង និង បង្កើតឲមានទឹកជំនន់ ក្នុងរយះពេលខ្លីនៅ រដូវវស្សា។ របបទឹកមានទំនាក់ទំនង ទៅនឹងរបបខ្យល់មូសុង ។ ដោយហេតុនេះមានស្ទឹងខ្លះរីងស្ងួតនៅ រដូវប្រាំង។ ផ្លូវទឹកសំខាន់ៗ នៅតំបន់ឆ្នេរ រួមមាន ស្ទឹងមេទឹក ស្ទឹងជាយអារែក ព្រែកតាគី ព្រែកជីផាត ព្រែកកំពង់តាសោម ស្ទឹងកំពត និង ស្ទឹងទូកមាស។